ព្រះត្រៃបិដក ភាគ ៦៦
[២៦៧] ពាក្យថា ក្នុងសាសនានេះ ដើម្បីសន្តោស សេចក្តីថា ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយចីវរតាមមានតាមបាន តែងមិនដល់នូវអនេសនៈ ជាកម្មមិនសមគួរព្រោះហេតុនៃចីវរ មិនបានចីវរក៏មិនអន្ទះសា បានចីវរហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែសន្តោសដោយចីវរតាមមានតាមបាននោះ ភិក្ខុណាឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងចីវរសន្តោសនោះ ភិក្ខុនោះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម។ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយបិណ្ឌបាតតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយបិណ្ឌបាតតាមមានតាមបាន តែងមិនដល់នូវអនេសនៈជាកម្មមិនសមគួរ ព្រោះហេតុនៃបិណ្ឌបាត មិនបានបិណ្ឌបាតក៏មិនអន្ទះសា បានបិណ្ឌបាតហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃព្រោះតែសន្តោសដោយបិណ្ឌបាតតាមមានតាមបាននោះ ភិក្ខុណាឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងបិណ្ឌបាតសន្តោសនោះ ភិក្ខុនេះ លោកហៅថា
ID: 637353687521197275
ទៅកាន់ទំព័រ៖