ព្រះត្រៃបិដក ភាគ ៦៦

មិន​លើ​កតំ​កើង​ខ្លួន មិន​បង្អាប់​ជន​ដទៃ ព្រោះ​សន្តោស​ដោយ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​តាម​មាន​តាម​បាន​នោះ​ ភិក្ខុ​ណា ឈ្លាសវៃ មិន​ខ្ជិល មានការ​ដឹងខ្លួន ប្រុងស្មារតី ក្នុង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​សន្តោស​នោះ​ ភិក្ខុ​នេះ លោក​ហៅថា អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស ជា​វង្ស​គេ​ស្គាល់​ថា​ប្រសើរ ដែល​មាន​មក​តាំង​អំពី​ដើម​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ ក្នុង​សាសនា​នេះ គប្បី​ស្គាល់ប្រមាណ​ដើម្បី​សន្តោស។
 [២៦៨​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​នោះ ជា​អ្នកគ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង ៤ នោះ ជា​អ្នក​ប្រុងប្រយ័ត្ន ហើយ​ត្រាច់​ទៅ​ក្នុង​ស្រុក ត្រង់​ពាក្យ​ថា ភិក្ខុ​នោះ​ជា​អ្នកគ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង​ ៤ នោះ គឺជា​អ្នកគ្រប់គ្រង​បីបាច់ រក្សា សង្រួម ក្នុង​ចីវរ បិណ្ឌបាត សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ​ជា​អ្នកគ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង​ ៤ នោះ យ៉ាងនេះ​ក៏​មាន។ មួយទៀត ភិក្ខុ​ជា​អ្នកគ្រប់គ្រង បីបាច់ រក្សា សង្រួម ក្នុង​អាយតនៈ​ទាំងឡាយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ​ជា​អ្នកគ្រប់គ្រង​អាយតនៈ​ទាំងនោះ យ៉ាងនេះ​ក៏​មាន។ ពាក្យ​ថា ជា​អ្នក​ប្រុងប្រយ័ត្ន​ហើយ​ ត្រាច់​ទៅ​ក្នុង​ស្រុក គឺជា​អ្នក​ប្រយ័ត្ន ប្រុងប្រៀប រៀបចំ គ្រប់គ្រង បីបាច់ រក្សា​ សង្រួម ក្នុង​ស្រុក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ ជា​អ្នកគ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង​ ៤ នោះ ជា​អ្នក​ប្រុងប្រយ័ត្ន ហើយ​ត្រាច់​ទៅ​ក្នុង​ស្រុក។
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637353688249260990
ទៅកាន់ទំព័រ៖