ព្រះត្រៃបិដក ភាគ ៦៦
មើលចន្លោះរានផ្សារ មើលមុខផ្ទះ មើលលើ មើលក្រោម សំឡឹងមើលទិសតូច និងទិសធំ ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុបានឃើញរូបដោយភ្នែក ហើយជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យព្ជានៈ ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែការមិនសង្រួមចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន។ មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធា តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវការស្តាប់ និងការមើលល្បែងជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺល្បែងរាំ ច្រៀង ប្រគំ មហោស្រព ចម្បាំងស្តេចភារតៈ និងព្រះរាមជាដើម គងរគាំង ស្គរមានជ្រុងបួន រូបគំនូរ ល្បែងដុំដែក ល្បែករ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែងគុណដម្បង ប្រដាល់ ចម្បាប់ ទីសម្រាប់ច្បាំងគ្នា ទីសម្រាប់រៀបពល ទីលំនៅកងទ័ព សេនាព្យូហ៍ ទីមើលកងទ័ព ដូចនេះខ្លះ ភិក្ខុមានភ្នែកក្រឡេកមើលយ៉ាងនេះ ក៏មាន។ ភិក្ខុមានភ្នែកមិនក្រឡេកមើល តើដូចម្តេច។
ID: 637353689328953592
ទៅកាន់ទំព័រ៖