ព្រះត្រៃបិដក ភាគ ៦៦
ត្រេកអរក្នុងឈាន ប្រកបនូវការនៅម្នាក់ឯង ធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង។
[២៧៣] អធិប្បាយពាក្យថា គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន ត្រង់ពាក្យថា ប្រកបរឿយៗក្នុងឈាន គឺប្រកបរឿយៗក្នុងឈានដោយហេតុ ២ គឺប្រកប លៃលក ផ្សែផ្សំ ប្រកបព្រម ដើម្បីញុំាងបឋមជ្ឈាន ដែលមិនទាន់កើតឲ្យកើតឡើង ឬប្រកប លៃលក ផ្សែផ្សំ ប្រកបព្រម ដើម្បីញុំាងទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែលមិនទាន់កើត ឲ្យកើតឡើង ហេតុនោះ ឈ្មោះថា ប្រកបរឿយៗ ក្នុងឈាន យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុគប់រកដោយច្រើន ចំរើន ធ្វើឲ្យច្រើននូវបឋមជ្ឈាន ដែលកើតឡើងហើយ ឬគប់រកដោយច្រើន ចំរើន ធ្វើឲ្យច្រើននូវទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែលកើតហើយ ហេតុនោះ ឈ្មោះថា ប្រកបរឿយៗ ក្នុងឈាន យ៉ាងនេះក៏មាន។ ពាក្យថា ទាំងជាអ្នកភ្ញាក់រលឹកច្រើន គឺភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយអស់វេលាថ្ងៃ ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំងដោយការចង្រ្កម ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចសីហសេយ្យាដោយបង្អៀងខាងស្តាំ ដាក់តម្រួតជើងម្ខាងលើជើងម្ខាង មានសតិ
ID: 637353690245395816
ទៅកាន់ទំព័រ៖