ព្រះត្រៃបិដក ភាគ ៦៦

ការ​ត្រិះរិះ​ញាតិ ការ​ត្រិះរិះ​ជនបទ ការ​ត្រិះរិះ​ទេវតា​ ការ​ត្រិះរិះ​ប្រកបដោយ​ការ​អាណិត​ជន​ដទៃ ការ​ត្រិះរិះ​ប្រកបដោយ​លាភសក្ការៈ និង​សេចក្តី​សរសើរ​ ការ​ត្រិះរិះ​ប្រកបដោយ​សេចក្តី​មិន​ឲ្យ​គេ​មើលងាយ នេះ លោក​ហៅថា សេចក្តី​ត្រិះរិះ​ទាំង​ប្រាំបួន។ កាម​សញ្ញា ជាទី​អាស្រ័យ​នៃ​កាម​វិតក្កៈ ព្យាបាទ​សញ្ញា ជាទី​អាស្រ័យ​នៃ​ព្យាបាទ​វិតក្កៈ​ វិហឹសា​សញ្ញា ជាទី​អាស្រ័យ​នៃ​វិហឹសា​វិតក្កៈ។ មួយទៀត អវិជ្ជា ជាទី​អាស្រ័យ​ អយោ​និ​សោ​មនសិការ ជាទី​អាស្រ័យ អស្មិមានះ ជាទី​អាស្រ័យ អនោត​ប្បៈ ជាទី​អាស្រ័យ ឧទ្ធច្ចៈ​ ជាទី​អាស្រ័យ​នៃ​វិតក្កៈ គឺ​សេចក្តី​ត្រិះរិះ។ ពាក្យ​ថា កុក្កុ​ច្ចៈ គឺ​កុក្កុ​ច្ចៈ​ បាន​ដល់​ការ​រពឹសដៃ​ក៏​មាន កុក្កុ​ច្ចៈ បាន​ដល់​ការ​រពឹស​ជើង​ក៏​មាន កុក្កុ​ច្ចៈ បាន​ដល់​ការ​រពឹស​ទាំង​ដៃ​ទាំង​ជើង​ក៏​មាន​ សេចក្តី​សំគាល់​ថា​គួរ ក្នុង​របស់​ដែល​មិន​គួរ សេចក្តី​សំគាល់​ថា​មិន​គួរ ក្នុង​របស់​ដែល​គួរ​ សេចក្តី​សំគាល់​ថា​មានទោស ក្នុង​របស់​ដែល​មិន​មានទោស សេចក្តី​សំគាល់​ថា​មិន​មានទោស​ ក្នុង​របស់​ដែល​មានទោស សេចក្តី​សង្ស័យ អាការ​នៃ​សេចក្តី​សង្ស័យ ភាព​នៃ​សេចក្តី​សង្ស័យ​ សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត សភាវៈ​ជា​គំនូស​នៃ​ចិត្ត​ឯណា មាន​សភាព​យ៉ាងនេះ នេះ លោក​ហៅថា​ កុក្កុ​ច្ចៈ។ មួយទៀត កុក្កុ​ច្ចៈ សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត គំនូស​នៃ​ចិត្ត កើតឡើង​ដោយហេតុ​ ២ គឺ ភាព​ដែល​បាន​ធ្វើ ១ ភាព​ដែល​មិនបាន​ធ្វើ ១។
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637353690948265367
ទៅកាន់ទំព័រ៖