ព្រះត្រៃបិដក ភាគ ៦៦

គប្បី​ប្រារព្ធ​ឧបេក្ខា ហើយ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ គប្បី​ផ្តាច់​បង់​នូវ​សេចក្តី​ត្រិះរិះ​ផង​ នូវ​ធម៌​ជាទី​អាស្រ័យ​នៃ​សេចក្តី​ត្រិះរិះ​ផង នូវ​កុក្កុ​ច្ចៈ​ផង។
[២៧៦​] បុគ្គល​ដែលគេ​ដាស់តឿន​ដោយ​វាចា​ហើយ គួរ​ជា​អ្នកមាន​ស្មារតី​ ត្រេកអរ​ចំពោះ គួរ​ទំ​លាយ​ចោល​នូវ​សេចក្តី​រឹងត្អឹង ចំពោះ​ពួក​សព្រហ្មចារី គួរ​បញ្ចេញវាចា​ជាកុសល​ កុំ​ឲ្យ​ហួស​កម្រិត មិន​គួរ​គិតគូរ​អំពី​វាទ​ធម៌​របស់​អ្នកផង​ទេ។

 [២៧៧​] អធិប្បាយ​ពាក្យ​ថា បុគ្គល​ដែលគេ​ដាស់តឿន​ដោយ​វាចា​ហើយ គួរ​ជា​អ្នកមាន​ស្មារតី​ ត្រេកអរ​ចំពោះ ត្រង់​ពាក្យ​ថា ដែលគេ​ដាស់តឿន សេចក្តី​ថា ឧបជ្ឈាយ៍​ក្តី អាចារ្យ​ក្តី​ ភិក្ខុ​ដែល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ក្តី ភិក្ខុ​មាន​អាចារ្យ​ស្មើគ្នា​ក្តី មិត្ត​ក្តី​ ជន​ដែល​ធ្លាប់​ឃើញ​គ្នា​ក្តី ជន​ដែល​ធ្លាប់​គប់​រកគ្នា​ក្តី សំឡាញ់​ក្តី ដាស់តឿន​ថា​ នែ​លោក​មាន​អាយុ អំពើ​របស់​លោក​នេះ មិន​គួរ​ទេ អំពើ​របស់​លោក​នេះ មិន​សម​ល្មម​ទេ អំពើ​របស់​លោក​នេះ​ មិន​សមគួរ​ទេ អំពើ​របស់​លោក​នេះ មិនមែន​តាំងនៅ​ក្នុង​សីល​ទេ ដូច្នេះ បុគ្គល​គួរ​ប្រុងស្មារតី​ ហើយ​ត្រេកអរ ត្រេកអរ​ចំពោះ រីករាយ រីករាយ​តាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់​ជាប់ចិត្ត​នឹង​ការដាស់តឿន​នោះ។ ដូច​ស្រ្តី ឬបុរស​ដែល​នៅក្មេង ជា​ក្រមុំ​កំឡោះ មាន​ជាតិ​ជា​អ្នក​ប្រដាប់​កាយ មាន​ក្បាល​កក់​ហើយ​ បាន​កម្រងផ្កា​ឧប្បល​ក្តី កម្រងផ្កា​ម្លិះ​ក្តី កម្រងផ្កា​រំដួល​ក្តី ហើយ​ទទួលយក​ដោយដៃ​ទាំងពីរ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 637353692075093852
ទៅកាន់ទំព័រ៖