ព្រះត្រៃបិដក ភាគ ៦៦
ធូលី គឺទោសៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃទោសៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅ ក្នុងសាសនា នៃព្រះពុទ្ធដែលប្រាសចាកធូលី។
ធូលី គឺមោហៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃមោហៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅ ក្នុងសាសនានៃព្រះពុទ្ធ ដែលប្រាសចាកធូលី។
ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក។
[២៨៣] អធិប្បាយពាក្យថា ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ត្រង់ពាក្យថា នូវធូលីទាំងឡាយណា គឺនូវតម្រេកក្នុងរូប តម្រេកក្នុងសំឡេង តម្រេកក្នុងក្លិន តម្រេកក្នុងរស តម្រេកក្នុងផ្សព្វ។ ពាក្យថា មានស្មារតី សេចក្តីថា ការរលឹក ការរលឹករឿយៗ ការរលឹកចំពោះ ការនឹកឃើញ ការភ្នកឃើញ ការចាំទុក ការមិនភាន់ច្រឡំ ការមិនភ្លេចសតិ ឥន្រ្ទិយគឺសតិ កំឡាំងគឺសតិ ការរលឹកប្រពៃ សម្ពោជ្ឈង្គគឺសតិ ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯងឯណា នេះ លោកហៅថា ស្មារតី។
ID: 637353694383208512
ទៅកាន់ទំព័រ៖