ព្រះត្រៃបិដក ភាគ ៦៦
គឺគប្បីនាំចេញ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ។
[២៨៧] អធិប្បាយពាក្យថា ភិក្ខុជាអ្នកមានស្មារតី មានចិត្តផុតស្រឡះល្អ ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ។ ពាក្យថា ជាអ្នកមានស្មារតី សេចក្តីថា ការរលឹក ការរលឹករឿយៗ។បេ។ ការរលឹកដោយប្រពៃ សម្ពោជ្ឈង្គៈគឺសតិ ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង នេះ លោកហៅថា ស្មារតី។ ភិក្ខុប្រកបដោយស្មារតីនេះ។។បេ។ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាអ្នកមានស្មារតី។ ពាក្យថា មានចិត្តផុតស្រឡះល្អ សេចក្តីថា ចិត្តរបស់ភិក្ខុចូលបឋមជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកនីវរណៈទាំងឡាយ ចិត្តរបស់ភិក្ខុចូលទុតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកវិតក្កៈ និងវិចារៈទាំងឡាយ ចិត្តរបស់ភិក្ខុចូលតតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកបីតិ ចិត្តរបស់ភិក្ខុចូលចតុត្ថជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកសុខ និងទុក្ខទាំងឡាយ ចិត្តរបស់ភិក្ខុចូលអាកាសានញ្ចាយតនៈ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាករូបសញ្ញា ចាកបដិឃសញ្ញា ចាកនានត្តសញ្ញា ចិត្តរបស់ភិក្ខុចូលវិញ្ញាណញ្ចាយតនៈ ជាចិត្ត (ផុត)
ID: 637353695446366365
ទៅកាន់ទំព័រ៖