ព្រះត្រៃបិដក ភាគ ៦៦
គួរធ្វើចិត្តដែលតាំងមាំ ឲ្យព្រងើយកន្តើយ ដោយប្រាជ្ញា អ្នកប្រាជ្ញជាអ្នកដឹងកាល ស្គាល់កាល ឈ្លាសវៃក្នុងកាល គួរកំណត់នូវនិមិត្តនៃចិត្តសព្វកាល យ៉ាងនេះ។
ពាក្យថា ភិក្ខុនោះកាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ បានសេចក្តីថា ពិចារណាធម៌ដោយប្រពៃថា សង្ខារទាំងពួងមិនទៀង ពិចារណាធម៌ដោយប្រពៃថា សង្ខារទាំងពួងជាទុក្ខ ពិចារណាធម៌ដោយប្រពៃថា ធម៌ទាំងពួងមិនមែនខ្លួន។បេ។ ពិចារណាធម៌ដោយប្រពៃថា ធម្មជាតណាមួយ មានកិរិយាកើតជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ។
[២៨៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគត្រាស់ថា ភិក្ខុនោះនឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹត ត្រង់ពាក្យថា ជាអ្នកមានចិត្តខ្ពស់ឯក គឺមានចិត្តប្រសើរតែមួយ មានចិត្តមិនរាយមាយ មានចិត្តមិនកន្ទះរា ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានចិត្តខ្ពស់ឯក។ ពាក្យថា ភិក្ខុនោះនឹងកំចាត់បង់នូវងងឹត គឺនឹងសម្លាប់ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់ នូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត ធម្មជាតជាគ្រឿងធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើឲ្យរលត់ប្រាជ្ញា ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីនិព្វាន។
ID: 637353696693817879
ទៅកាន់ទំព័រ៖