ព្រះត្រៃបិដក ភាគ ៦៦
លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សសាម័ញ្ញ ប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ យ៉ាងនោះដែរ។ ហ្វូងបក្សីណាមួយ ដោយហោចទៅ រាប់យកគ្រុឌឈ្មោះវេនតេយ្យ ប្រព្រឹត្តទៅក្នុងប្រទេសនៃអាកាស យ៉ាងណា ពួកជនណា មានបញ្ញាស្មើនឹងព្រះសារីបុត្ត សូម្បីជនទាំងនោះ ប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណ យ៉ាងនោះដែរ។ ព្រះពុទ្ធញ្ញាណ រមែងផ្សាយគ្របបញ្ញានៃពួកទេវតា និងមនុស្ស ហើយឋិតនៅ។ ពួកជនណាមួយជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី ជាអ្នកមានប្រាជ្ញាល្អិត មានបរប្បវាទធ្វើហើយ មានភាពដូចជាខ្មាន់ធ្នូ អ្នកបាញ់រោមកន្ទុយ ហាក់ដូចជាទំលុះទំលាយនូវទិដ្ឋិទាំងឡាយ ដោយប្រាជ្ញា ជនទាំងនោះ តាក់តែងរឿយៗ នូវប្រស្នា ហើយចូលទៅសួរព្រះតថាគត។ ប្រស្នាទាំងនោះ លុះព្រះមានព្រះភាគទ្រង់បានសំដែង បានដោះហើយ ក៏ទៅជាប្រស្នាដែលព្រះអង្គទ្រង់សំដែងចេញនូវហេតុ និងជាប្រស្នាដែលព្រះអង្គទ្រង់បញ្ឈប់ទុក។ ជនទាំងនោះ នាំគ្នាចុះចូលព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្រៃពេក ក្នុងប្រជុំនោះដោយប្រាជ្ញា។ ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុបើកហើយ ដោយបញ្ញាចក្ខុ យ៉ាងនេះឯង។
ID: 637351918781330822
ទៅកាន់ទំព័រ៖