ព្រះត្រៃបិដក ភាគ ៦៦
បុគ្គលនេះ ជារាគចរិត នេះជាទោសចរិត នេះជាមោហចរិត នេះជាវិតក្កចរិត នេះជាសទ្ធាចរិត នេះជាញាណចរិត។ ព្រះមានព្រះភាគ ទ្រង់សំដែងអសុភកថា ចំពោះបុគ្គលជារាគចរិត ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់មេត្តាភាវនាចំពោះបុគ្គលជាទោសចរិត។ ព្រះមានព្រះភាគ ទ្រង់ញុំាងបុគ្គលជាមោហចរិត ឲ្យតាំងនៅក្នុងឧទ្ទេស (ការរៀនបាលី) ក្នុងបរិបុច្ឆា (ការរៀនអដ្ឋកថា) ក្នុងការស្តាប់ធម៌តាមកាល ក្នុងការសាកសួរធម៌តាមកាល ក្នុងការនៅរួមជាមួយនឹងគ្រូ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់អានាបានស្សតិ ចំពោះបុគ្គលជាវិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់និមិត្តគួរជ្រះថ្លា គឺការត្រាស់ដឹងប្រពៃនៃព្រះពុទ្ធ ការទ្រទ្រង់ល្អនៃធម៌ ការប្រតិបត្តិប្រពៃនៃព្រះសង្ឃ និងសីលទាំងឡាយសម្រាប់ខ្លួន ចំពោះបុគ្គលជាសទ្ធាចរិត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់នូវវិបស្សនានិមិត្ត គឺអាការមិនទៀង អាការជាទុក្ខ អាការមិនមែនខ្លួន ចំពោះបុគ្គលជាញាណចរិត។
បុគ្គលឋិតនៅលើកំពូលភ្នំថ្ម គប្បីឃើញប្រជុំជនក្នុងទីជុំវិញបាន យ៉ាងណា បពិត្រព្រះសុមេធៈ ទ្រង់មានសមន្តចក្ខុ ព្រះអង្គជាបុគ្គលប្រាសចាកសេចក្តីសោក សូមឡើងកាន់ប្រាសាទគឺធម៌ ហើយទត
ID: 637351919495173610
ទៅកាន់ទំព័រ៖