ព្រះត្រៃបិដក ភាគ ៦៦
ការសួរ ៣ ដទៃទៀត គឺការសួរធម៌ខាងក្នុង ការសួរធម៌ខាងក្រៅ ការសួរធម៌ទាំងខាងក្នុង ទាំងខាងក្រៅ។
ការសួរ ៣ ដទៃទៀត គឺការសួរធម៌ជាកុសល ការសួរធម៌ជាអកុសល ការសួរធម៌ជាអព្យាកតៈ។
ការសួរ ៣ ដទៃទៀត គឺការសួរខន្ធ ការសួរធាតុ ការសួរអាយតនៈ។
ការសួរ ៣ ដទៃទៀត គឺការសួរសតិប្បដ្ឋាន ការសួរសម្មប្បធាន ការសួរឥទ្ធិបាទ។
ការសួរ ៣ ដទៃទៀត គឺការសួរឥន្រ្ទិយ ការសួរពលៈ ការសួរពោជ្ឈង្គ។
ការសួរ ៣ ដទៃទៀត គឺការសួរមគ្គ ការសួរផល ការសួរព្រះនិព្វាន។
ពាក្យថា ខ្ញុំសូមសួរចំពោះព្រះអង្គ គឺខ្ញុំសូមសួរព្រះអង្គ សូមអង្វរព្រះអង្គ អារាធនាព្រះអង្គ ចោទព្រះអង្គ សូមព្រះអង្គទ្រង់សំដែងធម៌នោះដល់ខ្ញុំ ហេតុនោះ (ត្រាស់សួរថា) ខ្ញុំសូមសួរចំពោះព្រះអង្គ។
ពាក្យថា អាទិច្ចពន្ធុ សេចក្តីថា សុរិយៈ លោកហៅថា អាទិច្ចៈ។ សុរិយៈ ជាគោតមៈដោយគោត្រ ព្រះមានព្រះភាគ ជាគោតមៈដោយគោត្រ។ ព្រះមានព្រះភាគ ជាព្រះញាតិព្រះអាទិត្យដោយគោត្រ ជាវង្សត្រកូលដោយគោត្រ ហេតុនោះ ព្រះពុទ្ធទើបជាអាទិច្ចពន្ធុ ហេតុនោះ ទ្រង់ត្រាស់ថា ខ្ញុំសូមសួរចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ។
ID: 637351906744760378
ទៅកាន់ទំព័រ៖