ព្រះត្រៃបិដក ភាគ ៦៦
អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំធាតុបួន អាពាធកើតអំពីការប្រែប្រួលរដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាមរបស់គេ មានវាយចងជាដើម អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ទាំងនេះលោកហៅថា អន្តរាយច្បាស់លាស់។
អន្តរាយកំបាំង តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ ការក្រោធ ការចងក្រោធទុក ការលុបគុណ ការវាយឫកស្មើ ការច្រណែន ការកំណាញ់ ការលាក់ទោសខ្លួន ការអួតអាង ការរឹងរូស ការប្រណាំងវាសនា ការប្រកាន់ ការមើលងាយ ការស្រវឹង ការប្រហែស កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ទាំងនេះលោកហៅថា អន្តរាយកំបាំង។
អធិប្បាយពាក្យថា អន្តរាយ ចុះឈ្មោះថាអន្តរាយ ដោយអត្ថថាដូចម្តេច។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈគ្របសង្កត់។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ។
ID: 637351921037719083
ទៅកាន់ទំព័រ៖