ព្រះត្រៃបិដក ភាគ ៦៦
ចុះឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ តើដូចម្តេច។ ធម៌អកុសលដ៏លាមកទាំងនោះ ជាអន្តរាយ អាស្រ័យក្នុងអត្តភាព កើតឡើងក្នុងអត្តភាពនោះ។ ពួកសត្វអាស្រ័យនឹងរូង ដេកក្នុងរូង ពួកសត្វអាស្រ័យនឹងទឹក ដេកក្នុងទឹក ពួកសត្វអាស្រ័យនឹងព្រៃ ដេកក្នុងព្រៃ ពួកសត្វអាស្រ័យនឹងដើមឈើ ដេកលើដើមឈើ យ៉ាងណាមិញ ធម៌អកុសលដ៏លាមកទាំងនោះ ជាអន្តរាយ អាស្រ័យក្នុងអត្តភាព កើតឡើងក្នុងអត្តភាពនោះ ក៏យ៉ាងនោះដែរ ហេតុនោះ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ យ៉ាងនេះឯង។
សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស នៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាអកុសលដ៏លាមក ដែលបុគ្គលត្រិះរិះដោយសេចក្តីរឭក ជាទីតាំងនៃសញ្ញោជនៈ កើតឡើងដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក ធម៌អកុសលដ៏លាមកទាំងនោះ រមែងនៅក្នុងខាងក្នុង រមែងជាប់តាមភិក្ខុនោះ ព្រោះហេតុនោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួមនឹងសិស្ស ធម៌អកុសលដ៏លាមកទាំងនោះ រមែងគ្របសង្កត់ភិក្ខុនោះ ព្រោះហេតុនោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួមនឹងអាចារ្យ
ID: 637351921693585998
ទៅកាន់ទំព័រ៖