ព្រះត្រៃបិដក ភាគ ៦៦
[៣៥] ពាក្យថា គប្បីរារាំងត្រចៀកចាកគាមកថា សេចក្តីថា តិរច្ឆានកថា ៣២ លោកហៅថា គាមកថា។ តិរច្ឆានកថានោះ តើដូចម្តេច។ គឺនិយាយអំពីព្រះរាជា និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីបាយ និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីយាន និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីបុរស និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រក និយាយអំពីកំពង់ទឹក និយាយអំពីញាតិដែលចែកឋានទៅកាន់បរលោកហើយ និយាយអំពីពាក្យដែលឥតប្រយោជន៍មានសភាពផ្សេងៗ និយាយអំពីលោក និយាយអំពីសមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ហេតុនោះ (ទ្រង់ត្រាស់ថា) ចាកគាមកថា។ ពាក្យថា គប្បីរារាំងត្រចៀក គឺគប្បីរារាំង ហាមឃាត់ ខាំងខា រក្សា គ្រប់គ្រង បិទ ផ្តាច់បង់នូវត្រចៀកចាកគាមកថា ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីរារាំងត្រចៀក ចាកគាមកថា។
[៣៦] អធិប្បាយពាក្យថា មិនគប្បីជាប់ចំពាក់ក្នុងរស ត្រង់ពាក្យថា រស គឺរសមើម រសដើម រសសម្បក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឺរ ប្រៃ ខារ ជូរផ្អែម ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ។
ID: 637351925693169878
ទៅកាន់ទំព័រ៖