ព្រះត្រៃបិដក ភាគ ៦៦
សំពត់សម្បកធ្មៃ ១ សំពត់ដែលធ្វើដោយវត្ថុទាំងនោះលាយចម្រុះគ្នា ១ ហេតុនោះ (ទ្រង់ត្រាស់ថា) បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី។
[៤៥] អធិប្បាយពាក្យថា បានហើយ មិនគប្បីធ្វើនូវការសន្សំទុកទេ ត្រង់ពាក្យថា បាន គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ មិនមែន (បាន) ដោយការកុហក គឺញុំាងសត្វលោកឲ្យភាន់ភាំង មិនមែនដោយការពោលពាក្យរាក់ទាក់ មិនមែនដោយការធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀង មិនមែនដោយការកិនកំទេចនូវគុណគេ មិនមែនដោយការស្វែងរកលាភដោយលាភ មិនមែនដោយការឲ្យឈើ មិនមែនដោយការឲ្យឫស្សី មិនមែនដោយការឲ្យស្លឹកឈើ មិនមែនដោយការឲ្យផ្កាឈើ មិនមែនដោយការឲ្យផ្លែឈើ មិនមែនដោយការឲ្យលំអិតសម្រាប់ងូត មិនមែនដោយការឲ្យលំអិតសម្រាប់លាប មិនមែនដោយការឲ្យដីស្អិត មិនមែនដោយការឲ្យឈើស្ទន់ មិនមែនដោយការឲ្យទឹកសម្រាប់លប់មុខ មិនមែនដោយការពោលលើកតម្កើងអ្នកដទៃ មិនមែនដោយការពោលពាក្យមិនពិត ដូចសម្លសណ្តែកបាយ មិនមែនដោយការថ្នាក់ថ្នម (នូវកូនត្រកូល) មិនមែនដោយការចូលទៅអង្គុយលើតាំងក្នុងផ្ទះយ៉ាងរហ័ស មិនមែនដោយវត្ថុវិជ្ជា (ការចេះទាយនូវទីភូមិស្ថាន) មិនមែនដោយតិរច្ឆានវិជ្ជា មិនមែនដោយអង្គវិជ្ជា (ការចេះទាយអវយវៈ) មិនមែនដោយនក្ខត្តវិជ្ជា (ការចេះទាយនក្ខត្តឫក្ស)
ID: 637351928518069689
ទៅកាន់ទំព័រ៖