ព្រះត្រៃបិដក ភាគ ៦៦
ពោលអំពីចម្បាំង ពោលអំពីបាយ ពោលអំពីទឹក ពោលអំពីសំពត់ ពោលអំពីយាន ពោលអំពីដំណេក ពោលអំពីផ្កាកម្រង ពោលអំពីគ្រឿងក្រអូប ពោលអំពីញាតិ ពោលអំពីស្រុក ពោលអំពីនិគម ពោលអំពីក្រុង ពោលអំពីជនបទ ពោលអំពីស្រី ពោលអំពីប្រុស ពោលអំពីអ្នកក្លៀវក្លា ពោលអំពីច្រក ពោលអំពីកំពង់ទឹក ពោលអំពីបុរស ដែលចែកឋានទៅកាន់បរលោក ក្នុងកាលមុន ពោលវាចាមានសភាពផ្សេងៗ ពោលអំពីរឿងលោក ពោលអំពីសមុទ្រ ឬពោលអំពីសេចក្តីចំរើន និងវិនាសថាដូច្នេះ ដូច្នោះ ភិក្ខុជាអ្នករពឹសដោយជើង យ៉ាងនេះខ្លះ។ ពាក្យថា ជាអ្នកមិនគប្បីរពឹសដោយជើង បានសេចក្តីថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានការរពឹសដោយជើង ជាអ្នកឆ្ងាយ វៀរ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកបដោយការរពឹសដោយជើង ហើយសម្រចនៅ ប្រព្រឹត្ត ប្រព្រឹត្តព្រម ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ដោយចិត្តដែលប្រាសចាកដែនគឺកិលេស។ បុគ្គលនោះ គប្បីជាអ្នកមានទីពួនសម្ងំជាទីត្រេកអរ ត្រេកអរតែក្នុងទីពួនសម្ងំ ប្រកបរឿយៗ នូវការរម្ងាប់ចិត្តខាងក្នុង មានឈានមិនបានឃ្លាតចេញ ប្រកបដោយវិបស្សនា ចំរើនសុញ្ញាគារដ្ឋាន មានឈាន ត្រេកអរក្នុងឈាន ប្រកបរឿយៗ នូវចិត្តមានអារម្មណ៍តែមួយ ជាអ្នកធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានឈាន មិនគប្បីរពឹសដោយជើង។
ID: 637351930050457584
ទៅកាន់ទំព័រ៖