ព្រះត្រៃបិដក ភាគ ៦៦
ដោយពួកដង្កូវ ឬដោយខ្យល់កម្រើក។ ពួកគ្រូពេទ្យតែងឲ្យឱសថដើម្បីការពារពួកដង្កូវ ឬខ្យល់កម្រើក ពួកគ្រូពេទ្យធ្វើគភ៌ រមែងញុំាងគភ៌ឲ្យតាំងនៅ ដោយវិធីយ៉ាងនេះ។ ពាក្យថា ការរក្សារោគ បានដល់ ការរក្សា ៥ គឺវេជ្ជកម្មខាងស្លាក ១ វេជ្ជកម្មខាងវះ ១ វេជ្ជកម្មខាងការរក្សាកាយ ១ វេជ្ជកម្មខាងភូត ១ វេជ្ជកម្មខាងកុមារ ១។ ពាក្យថា អ្នករាប់អាន (ព្រះរតនត្រ័យ) គឺអ្នករាប់អានព្រះពុទ្ធ រាប់អានព្រះធម៌ រាប់អានព្រះសង្ឃ បុគ្គលនោះ រាប់អានព្រះមានព្រះភាគ ព្រះមានព្រះភាគក៏លើកតំកើងបុគ្គលនោះ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស ពោលអែបអប មានកិលេសដូចស្នែង មានមានះខ្ពស់ឡើង មានចិត្តមិនតាំងមាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ មិនឈ្មោះថា អ្នករាប់អានតថាគតផង ភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នកប្រាសចាកធម្មវិន័យនេះផង ភិក្ខុទាំងនោះមិនដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះផង ម្នាលភិក្ខុទាំងឡាយ ឯពួកភិក្ខុណា ជាអ្នកមិនកុហក មិនពោលអែបអប ជាអ្នកប្រាជ្ញ មិនរឹងរូស មានចិត្តតាំងមាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថារាប់អានតថាគតផង ភិក្ខុទាំងនោះ ឈ្មោះថាមិនប្រាសចាកធម្មវិន័យនេះផង ភិក្ខុទាំងនោះ រមែងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះផង។
ID: 637351967272189450
ទៅកាន់ទំព័រ៖