ព្រះត្រៃបិដក ភាគ ៦៦
ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស ពោលពាក្យអែបអប មានកិលេសដូចស្នែង មានមានះខ្ពស់ឡើង មានចិត្តមិនតាំងមាំ ភិក្ខុទាំងនោះ រមែងមិនលូតលាស់ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់ទុកហើយ ឯពួកភិក្ខុណា ជាអ្នកមិនកុហក មិនពោលអែបអប ជាអ្នកប្រាជ្ញ មិនរឹងរូស មានចិត្តតាំងមាំ ភិក្ខុទាំងនោះ រមែងលូតលាស់ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់ទុកហើយ។
ពាក្យថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង បានសេចក្តីថា បុគ្គលអ្នករាប់អានព្រះរតនត្រ័យ មិនគប្បីសេព មិនគប្បីរាប់រក មិនគប្បីសេពចំពោះ មិនគប្បីប្រព្រឹត្ត មិនគប្បីអើពើ មិនគប្បីប្រព្រឹត្តសមាទាន មិនគប្បីកាន់យក មិនគប្បីរៀន មិនគប្បីទ្រទ្រង់ មិនគប្បីចងចាំ មិនគប្បីកំណត់ មិនគប្បីប្រកបនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637351967635518067
ទៅកាន់ទំព័រ៖