ព្រះត្រៃបិដក ភាគ ៦៦
គប្បីបន្ទោបង់លោភៈ ព្រមទាំងមច្ឆរិយៈផង ការក្រោធផង ការញុះញង់ផង។
[៦២] ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ មិនគប្បីធ្វើនូវការឲ្យគេតិះដៀលក្នុងទីណាមួយ មិនគប្បីជាប់ក្នុងស្រុក មិនគប្បីពោលរាក់ទាក់នឹងជន ព្រោះប្រាថ្នាលាភទេ។
[៦៣] ពាក្យថា ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ អធិប្បាយថា ការទិញ និងការលក់ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់ឃាត់ហាមក្នុងវិន័យ ការទិញ និងការលក់ទាំងនោះ លោកមិនបំណងយកក្នុងសេចក្តីនេះទេ។ ភិក្ខុតាំងនៅក្នុងការទិញ និងការលក់ តើដូចម្តេច។ ភិក្ខុធ្វើរបស់បន្លំក្តី ប្រាថ្នាចំណេញក្តី ប្តូរបាត្រ ចីវរ ឬបរិក្ខារដទៃណាមួយ ជាមួយនឹងសហធម្មិកទាំង ៥ ឈ្មោះថា តាំងនៅក្នុងការទិញ និងការលក់យ៉ាងនេះ។ ភិក្ខុមិនតាំងនៅក្នុងការទិញ និងការលក់ តើដូចម្តេច។ ភិក្ខុមិនធ្វើរបស់បន្លំក្តី មិនប្រាថ្នាចំណេញក្តី ប្តូរបាត្រ ចីវរ ឬបរិក្ខារដទៃណាមួយ ជាមួយនឹងសហធម្មិកទាំង ៥ ឈ្មោះថា មិនតាំងនៅក្នុងការទិញ និងការលក់យ៉ាងនេះ។ ពាក្យថា មិនគប្បីតាំងនៅក្នុងការទិញ និងការលក់ បានសេចក្តីថា មិនតាំងនៅ មិនតាំងនៅព្រម ក្នុងការទិញ និងការលក់
ID: 637351969349491755
ទៅកាន់ទំព័រ៖