ព្រះត្រៃបិដក ភាគ ៦៦

ស្វែង​ ស្វែងរក ស្វះស្វែង​រក​នូវ​សតិ​ប្ប​ដ្ឋាន​ធំ សម្ម​ប្ប​ធាន​ធំ ឥទ្ធិបាទ​ធំ ឥន្ទ្រិយ​ធំ​ ពលៈ​ធំ ពោជ្ឈង្គ​ធំ អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ធំ អមត​និព្វាន ប្រយោជន៍​ដ៏​ក្រៃលែង​ធំ​ ហេតុ​នោះ ឈ្មោះថា ទ្រង់​ស្វែងរក​គុណ​ធំ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ​ គឺជា​បុគ្គល​ដែល​ពួក​សត្វ​មាន​សក្តិ៍​ធំ ស្វែង ស្វែងរក ស្វះស្វែង​រក​ថា ព្រះពុទ្ធ​ (គង់នៅ​) ក្នុង​ទីណា ព្រះមានព្រះភាគ ក្នុង​ទីណា ព្រះមានព្រះភាគ ជា​ទេវតា​ធំជាង​ទេវតា​ ក្នុង​ទីណា ព្រះមានព្រះភាគ ជា​នរៈ​ប្រសើរ​ក្នុង​ទីណា ហេតុ​នោះ ឈ្មោះថា ស្វែងរក​គុណ​ធំ​ ហេតុ​នោះ (ទ្រង់​ត្រាស់​សួរ​ថា​) នូវ​វិវេក​ផង សន្តិបទ​ផង ចំពោះ​ព្រះអង្គ​ស្វែងរក​គុណ​ធំ។
 [៤] ពាក្យ​ថា​ ភិក្ខុ​ឃើញ​ដូចម្តេច​ ហើយ​ញុំាង​កិលេស​ឲ្យ​រលត់ គឺ​ភិក្ខុ​ឃើញ​ មើល ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ដូចម្តេច​ ទើប​ញុំា​ងរា​គៈ​របស់​ខ្លួន​ឲ្យ​រលត់ ញុំាង​ទោសៈ​ឲ្យ​រលត់ ញុំាង​មោហៈ​ឲ្យ​រលត់​ ញុំាង​កោ​ធៈ ឧបនាហៈ មក្ខៈ បលា​សៈ ឥស្សា មច្ឆរិយៈ មាយា សា​ឋេយ្យៈ ថម្ភៈ សា​រម្ភៈ មានះ​ អតិមានះ មទៈ បមា​ទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ អកុសលា​ភិ​សង្ខារ​ទាំងអស់ ឲ្យ​រលត់​ ឲ្យ​ស្ងប់ ឲ្យ​រម្ងាប់ ឲ្យ​ស្ងប់ស្ងៀម ឲ្យ​រម្ងាប់​ចំពោះ។ ពាក្យ​ថា ភិក្ខុ គឺ​ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន​ក្តី​ ភិក្ខុ​ជា​សេក្ខៈ​ក្តី ហេតុ​នោះ​ (ត្រាស់​សួរ​ថា​) ភិក្ខុ​ឃើញ​ដូចម្តេច ហើយ​ញុំាង​កិលេស​ឲ្យ​រលត់។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637351908412164973
ទៅកាន់ទំព័រ៖