ព្រះត្រៃបិដក ភាគ ៦៦

ព្យាបាទ​វិតក្កៈ​ វិហឹសា​វិតក្កៈ ទាំងនេះ​ហៅថា កិលេស​ជា​កណ្តាល។ ពួក​កិលេស​ដ៏​ល្អិត តើ​ដូចម្តេច។ ការ​ត្រិះរិះ​ចំពោះ​ញាតិ​ ការ​ត្រិះរិះ​ចំពោះ​ជនបទ ការ​ត្រិះរិះ​ចំពោះ​ការ​មិន​ចង់​ស្លាប់ ការ​ត្រិះរិះ​ប្រកបដោយ​សេចក្តី​អាណិត​ចំពោះ​ជន​ដទៃ​ ការ​ត្រិះរិះ​ប្រកបដោយ​លាភសក្ការៈ និង​សេចក្តី​សរសើរ ការ​ត្រិះរិះ​ប្រកបដោយ​ការ​មិន​ឲ្យ​គេ​មើលងាយ​ ទាំងនេះ​ហៅថា កិលេស​ដ៏​ល្អិត។ ជន​ទាំង ២ ពួក​នោះ រមែង​ឲ្យ​គេ​តិះដៀល​ដោយ​ពួក​កិលេស​គ្រោតគ្រាត​ខ្លះ​ ដោយ​ពួក​កិលេស​ជា​កណ្តាល​ខ្លះ ដោយ​ពួក​កិលេស​ដ៏​ល្អិត​ខ្លះ។ ភិក្ខុ​មិន​គប្បី​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល​ គឺ​មិន​គប្បី​ធ្វើ មិន​គប្បី​ឲ្យ​កើត មិន​គប្បី​ឲ្យ​កើត​ព្រម មិន​គប្បី​ឲ្យ​លូតលាស់​ មិន​គប្បី​ឲ្យ​ដុះដាល នូវ​ពួក​កិលេស​ជា​គ្រឿង​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល គឺ​គប្បី​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​នូវ​កិលេស​ជា​គ្រឿង​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល​ គប្បី​ជា​អ្នក​ឆ្ងាយ វៀរ វៀរ​ស្រឡះ ឃ្លាត​ចេញ រលាស់ចោល រួច​ស្រឡះ ប្រាស​ចេញ ចាក​ពួក​កិលេស​ជា​គ្រឿង​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល​ ហើយ​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស។ ពាក្យ​ថា ក្នុង​ទីណា​មួយ គឺ​ក្នុង​ទី​ដូចម្តេច​ ក្នុង​ទីណា ក្នុង​ទី​នីមួយ ទោះជា​ខាងក្នុង ឬខាងក្រៅ ឬទាំង​ខាងក្នុង​ខាងក្រៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល ក្នុង​ទីណា​មួយ។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637351969964884065
ទៅកាន់ទំព័រ៖