ព្រះត្រៃបិដក ភាគ ៦៦
ភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ ដាក់បុគ្គលដទៃឲ្យទាប ពោលរាក់ទាក់នឹងជន តើដូចម្តេច។ ភិក្ខុពោលថា អាត្មាមានឧបការៈច្រើន ដល់អ្នកទាំងឡាយ អ្នកទាំងឡាយអាស្រ័យនឹងអាត្មា ទើបដល់ព្រះពុទ្ធជាទីពឹង ដល់ព្រះធម៌ជាទីពឹង ដល់ព្រះសង្ឃជាទីពឹង វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារៈ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកសុរា និងមេរ័យ អាត្មាឲ្យឧទេ្ទស ឲ្យបរិបុច្ឆា ប្រាប់ឧបោសថ អធិដ្ឋាននូវនវកម្ម ដល់អ្នកទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ មិនសមបើបោះបង់អាត្មាចោល ទៅធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាបុគ្គលដទៃវិញសោះ ភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ ដាក់បុគ្គលដទៃឲ្យទាប ពោលរាក់ទាក់នឹងជនដទៃ យ៉ាងនេះឯង។ ពាក្យថា មិនគប្បីពោលរាក់ទាក់នឹងជន ព្រោះប្រាថ្នាលាភ បានសេចក្ដីថា ភិក្ខុបង្អាប់នូវលាភ មិនរាក់ទាក់នឹងជនព្រោះហេតុតែលាភ ព្រោះការណ៍នៃលាភ ព្រោះការកើតនៃលាភ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវការពោលរាក់ទាក់ គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចាក រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការរាក់ទាក់ នៅដោយចិត្ដដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីពោលរាក់ទាក់នឹងជន ព្រោះប្រាថ្នាលាភ។
ID: 637351971152539020
ទៅកាន់ទំព័រ៖