ព្រះត្រៃបិដក ភាគ ៦៦
ឬថាជាអ្នកចេញអំពីត្រកូលមានភោគៈច្រើនហើយបួស ថាជាអ្នកចេញអំពីត្រកូលមានភោគៈដ៏លើសលប់ហើយបួស ថាជាអ្នកចេះព្រះសូត្រ ថាជាអ្នកទ្រទ្រង់វិន័យ ថាជាធម្មកថិក ថាជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ។បេ។ ឬថាជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបត្តិ។ ភិក្ខុមិនគប្បីពោលអួត គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវការពោលអួត គឺជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការពោលអួត គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីជាអ្នកអួតអាង។
[៦៩] ពាក្យថា មិនគប្បីពោលនូវវាចាកៀរគរ សំនួរថា ចុះវាចាកៀរគរ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ពោលវាចាកៀរគរចីវរ ពោលវាចាកៀរគរបិណ្ឌបាត ពោលវាចាកៀរគរសេនាសនៈ ពោលវាចាកៀរគរគិលានប្បច្ចយភេសជ្ជបរិក្ខារ នេះលោកហៅថា វាចាកៀរគរ។
ID: 637351971872320478
ទៅកាន់ទំព័រ៖