ព្រះត្រៃបិដក ភាគ ៦៦
មួយទៀត ភិក្ខុពោលពាក្យពិតខ្លះ ពោលពាក្យកុហកខ្លះ ពោលពាក្យញុះញង់ខ្លះ ពោលពាក្យមិនញុះញង់ខ្លះ ពោលពាក្យអាក្រក់ខ្លះ ពោលពាក្យមិនអាក្រក់ខ្លះ ពោលសម្ផប្បលាបៈខ្លះ ពោលពាក្យមិនមែនជាសម្ផប្បលាបៈខ្លះ ពោលវាចាដោយប្រាជ្ញាខ្លះ ព្រោះហេតុចីវរ ព្រោះហេតុបិណ្ឌបាត ព្រោះហេតុសេនាសនៈ ព្រោះហេតុគិលានប្បច្ចយភេសជ្ជបរិក្ខារ នេះលោកហៅថា វាចាកៀរគរ។ មួយទៀត ភិក្ខុមានចិត្តជ្រះថា្ល សំដែងធម៌ដល់ពួកជនដទៃ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ពួកជនគប្បីស្តាប់ធម៌របស់អញ លុះស្តាប់ហើយ គប្បីជ្រះថា្លក្នុងធម៌ លុះជ្រះថា្លហើយ គប្បីធ្វើអាការជ្រះថ្លាដល់អញ នេះលោកហៅថា វាចាកៀរគរ។ ពាក្យថា មិនគប្បីពោលវាចាកៀរគរ បានសេចក្តីថា មិនគប្បីពោល មិនគប្បីសំដែង មិនគប្បីពណ៌នា មិនគប្បីបំភ្លឺ មិនគប្បីថ្លែងនូវវាចាកៀរគរ ដោយហោចទៅ រាប់យកធម្មទេសនាវាចាផង គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវវាចាកៀរគរ គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកវាចាកៀរគរ គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីពោលវាចាកៀរគរ។
ID: 637351972174860389
ទៅកាន់ទំព័រ៖