ព្រះត្រៃបិដក ភាគ ៦៦

 ភិក្ខុ​នៅក្នុង​គណៈ សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ នៅក្នុង​គណៈ​ មិន​ធ្វើ​សេចក្តី​កោតក្រែង គឺ​កាល​ពួក​ភិក្ខុ​ជា​ថេរៈ​មិន​ពាក់​ស្បែកជើង​ចង្រ្កម​ ខ្លួន​ពាក់​ស្បែកជើង​ចង្រ្កម កាល​ពួក​ភិក្ខុ​ជា​ថេរៈ​ចង្រ្កម​ក្នុង​ទី​ចង្ក្រម​ទាប ខ្លួន​ចង្រ្កម​លើ​ទី​ចង្រ្កម​ខ្ពស់​ កាល​ពួក​ភិក្ខុ​ជា​ថេរៈ​ចង្រ្កម​លើ​ផែនដី ខ្លួន​ចង្រ្កម​លើ​ទី​ចង្រ្កម​ ឈរ​ប្រជ្រៀត​ខ្លះ អង្គុយ​ប្រជ្រៀត​ខ្លះ ឈរខាង​មុខ​ខ្លះ អង្គុយ​ខាងមុខ​ខ្លះ​ អង្គុយ​លើ​អាសនៈ​ខ្ពស់​ខ្លះ អង្គុយ​ទទូរ​ក្បាល​ខ្លះ ឈរ​និយាយ​ខ្លះ និយាយ​វាសដៃ​ខ្លះ​ ភិក្ខុ​នៅក្នុង​គណៈ សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ យ៉ាងនេះ​។
 ភិក្ខុ​សំដែង​ការ​ឃ្នើសឃ្នង ប្រកបដោយ​កាយ​ ក្នុង​រោង​ឆាន់ តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ​ មិន​ធ្វើ​សេចក្តី​កោតក្រែង​ក្នុង​រោង​ឆាន់ គឺ​អង្គុយ​ប្រជ្រៀត​ពួក​ភិក្ខុ​ជា​ថេរៈ ឃាត់​ពួក​ភិក្ខុ​ថ្មី​ដោយ​អាសនៈ​ខ្លះ​ ឈរ​ប្រជ្រៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ អង្គុយ​ប្រជ្រៀត​ខ្លះ ឈរខាង​មុខ​ខ្លះ អង្គុយ​ខាងមុខ​ខ្លះ​ អង្គុយ​លើ​អាសនៈ​ខ្ពស់​ខ្លះ អង្គុយ​ទទូរ​ក្បាល​ខ្លះ ឈរ​និយាយ​នឹង​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ និយាយ​វាសដៃ​ខ្លះ
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637351972887140380
ទៅកាន់ទំព័រ៖