ព្រះត្រៃបិដក ភាគ ៦៦
សុត្តន្តបិដក
ខុទ្ទកនិកាយ មហានិទ្ទេស
តតិយភាគ
---
តុវដកសុត្តនិទ្ទេស ទី ១៤
[១] (ព្រះពុទ្ធនិម្មិត ពោលថា) ខ្ញុំសូមសួរនូវិវេកផង សន្តិបទផង ចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ទ្រង់ស្វែងរកគុណដ៏ធំ ភិក្ខុឃើញដូចម្តេច ហើយញុំាងកិលេសឲ្យរលត់ ទើបមិនប្រកាន់នូវរបស់អ្វីក្នុងលោក។
[២] អធិប្បាយពាក្យថា ខ្ញុំសូមសួរចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ត្រង់ពាក្យថា សួរ បានដល់ការសួរ ៣ គឺការសួរជាគ្រឿងបំភ្លឺនូវធម៌ដែលមិនទាន់ឃើញ ការសួរជាគ្រឿងប្រៀបធៀបនូវធម៌ដែលឃើញហើយ ការសួរជាគ្រឿងកាត់សេចក្តីសង្ស័យ។
ការសួរជាគ្រឿងបំភ្លឺនៃធម៌ ដែលមិនទាន់ឃើញ តើដូចម្ដេច។ លក្ខណៈដែលបុគ្គលមិនដឹង មិនឃើញ មិនថ្លឹង មិនត្រិះរិះ មិនប្រាកដ មិនជាក់ច្បាស់ តាមប្រក្រតី បុគ្គលសួរនូវប្រស្នាដើម្បីការដឹង ការឃើញ ការថ្លឹង ការត្រិះរិះ ដើម្បីជាក់ច្បាស់នូវលក្ខណៈនោះ នេះ ការសួរជាគ្រឿងបំភ្លឺនូវធម៌ដែលមិនទាន់ឃើញហើយ។
ID: 637351905239876057
ទៅកាន់ទំព័រ៖