ព្រះត្រៃបិដក ភាគ ៦៦

 [៧១​] ពាក្យ​ថា មិន​គប្បី​ពោល​ពាក្យ​ផ្ទញ់ផ្ទាល់ សំនួរ​ថា ពាក្យ​ផ្ទញ់ផ្ទាល់​ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ជា​អ្នកធ្វើ​នូវ​ពាក្យ​ពោល​មាន​សភាព​យ៉ាងនេះ​ថា​ អ្នក​មិន​យល់​ធម៌​វិន័យ​នេះ​ទេ​។បេ។ ឬថា បើ​អ្នក​អាច ចូរ​ដោះ​ចុះ​។ សម​ដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា ម្នាល​មោគ្គល្លាន​ កាលបើ​ពាក្យ​ផ្ទញ់ផ្ទាល់​មាន សំដីច្រើន​ក៏​កើត​ប្រាកដ កាលបើ​ពាក្យ​ច្រើន​មាន​ហើយ​ សេចក្តី​រាយមាយ​ក៏​កើត​ប្រាកដ កាលបើ​បុគ្គល​មានចិត្ត​រាយមាយ​ហើយ សេចក្តី​មិន​សង្រួម​ ក៏​កើត​ប្រាកដ កាលបើ​បុគ្គល​មិន​សង្រួម​ហើយ ចិត្ត​ក៏​ឆ្ងាយ​អំពី​សមាធិ​។ ពាក្យ​ថា មិន​គប្បី​ពោល​នូវ​ពាក្យ​ផ្ទញ់ផ្ទាល់ គឺ​មិន​គប្បី​ពោល មិន​គប្បី​ពណ៌នា​ មិន​គប្បី​បំភ្លឺ មិន​គប្បី​ថ្លែង​នូវ​ពាក្យ​ផ្ទញ់ផ្ទាល់ គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស មិន​ឲ្យ​កើតមាន នូវ​ពាក្យ​ផ្ទញ់ផ្ទាល់ គប្បី​ជា​អ្នក​ឆ្ងាយ​ វៀរ វៀរ​ស្រឡះ ឃ្លាត​ចេញ រលាស់ចោល រួច​ស្រឡះ ប្រាស​ចេញ ចាក​ពាក្យ​ផ្ទញ់ផ្ទាល់ គប្បី​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ពោល​នូវ​ពាក្យ​ផ្ទញ់ផ្ទាល់។ ព្រោះហេតុនោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ភិក្ខុ​មិន​គប្បី​ជា​អ្នក​អួតអាង មិន​គប្បី​ពោល​នូវ​វាចា​កៀរគរ​ មិន​គប្បី​សិក្សា​នូវ​អំពើ​ឃ្នើសឃ្នង មិន​គប្បី​ពោល​ពាក្យ​ផ្ទញ់ផ្ទាល់​។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637351975292610482
ទៅកាន់ទំព័រ៖