ព្រះត្រៃបិដក ភាគ ៦៦
(មុសាវាទរបស់បុគ្គល) ព្រោះបិទបាំងសេចក្តីយល់ ១ ព្រោះបិទបាំងសេចក្តីចូលចិត្ត ១ ព្រោះបិទបាំងសេចក្តីគាប់ចិត្ត ១ ព្រោះបិទបាំងសេចក្តីសំគាល់ ១ ព្រោះបិទបាំងការកើត ១ មុសាវាទរមែងមានដោយអាការៈ ៨ នេះ ពាក្យថា បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក បានសេចក្តីថា គប្បីវៀរចាកការពោលពាក្យកុហក គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមានបែបភាព នូវការពោលពាក្យកុហក គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការពោលពាក្យកុហក គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក។
[៧៤] អធិប្បាយពាក្យថា គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ សំនួរថា ភាពនៃការពោលអួត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលអួត ពោលអួតគ្រប់យ៉ាង បានខាងការពោលអួត ភាពនៃការពោលអួត សេចក្តីពោលអួត សំដីគ្រោតគ្រាត សំដីគគ្រើម ការអួតខ្លាំង សេចក្តីអួតខ្លាំង ក្នុងដំណើរនោះ នេះលោកហៅថា ភាពនៃការអួត។ ពាក្យថា គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ បានសេចក្តីថា ជាអ្នកដឹងខ្លួន មិនគប្បីធ្វើ មិនគប្បីបង្កើត មិនគប្បីបង្កើតព្រម មិនគប្បីបញ្ចេញ មិនគប្បីបញ្ចេញចំពោះ
ID: 637351975924724254
ទៅកាន់ទំព័រ៖