ព្រះត្រៃបិដក ភាគ ៦៦

អត្ត​ទណ្ឌ​សុត្ត​និទ្ទេស ទី១៥


[៩០​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ភ័យ​កើតអំពី​អាជ្ញា​របស់​ខ្លួន អ្នក​ទាំងឡាយ​ ចូរ​មើល​ជន​អ្នក​ឈ្លោះ​គ្នា តថាគត នឹង​សំដែង​សំវេគ​ធម៌ តាមដែល​តថាគត​ធ្លាប់​សំវេគ​ហើយ។

 [៩១​] អធិប្បាយ​ពាក្យ​ថា​ ភ័យ​កើតអំពី​អាជ្ញា​របស់​ខ្លួន ត្រង់​ពាក្យ​ថា អាជ្ញា បាន​ដល់ អាជ្ញា ៣ គឺ អាជ្ញា​ដោយ​កាយ​ អាជ្ញា​ដោយ​វាចា អាជ្ញា​ដោយចិត្ត។ កាយទុច្ចរិត ៣ ប្រការ ឈ្មោះថា អាជ្ញា​ដោយ​កាយ​ វចីទុច្ចរិត ៤ ប្រការ ឈ្មោះថា អាជ្ញា​ដោយ​វាចា មនោ​ទុច្ចរិត ៣ ប្រការ ឈ្មោះថា​ អាជ្ញា​ដោយចិត្ត។ ពាក្យ​ថា ភ័យ បាន​ដល់ ភ័យ ២ ប្រការ គឺ​ទិដ្ឋធម្មិក​ភ័យ ១ សម្បរាយិក​ភ័យ ១។
 ទិដ្ឋធម្មិក​ភ័យ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ សម្លាប់សត្វ​ខ្លះ កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ខ្លះ កាត់​នូវ​តំណ (នៃ​ផ្ទះ​) ខ្លះ​ ប្លន់​ធំ​ខ្លះ កំហែង​យក​ទ្រព្យ​ក្នុង​ផ្ទះ​មួយ​ខ្លះ​ ឈរ​ស្កាត់ច្រក​ផ្លូវ​ខ្លះ គប់​រក​ភរិយា​របស់​អ្នកដទៃ​ខ្លះ ពោល​ពាក្យ​កុហក​ខ្លះ។ ពួក​រាជបុរស​ ចាប់​បុគ្គល​នោះ ថ្វាយព្រះ​រាជា ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព បុគ្គល​នេះ ជា​ចោរ​ ប្រព្រឹត្ត​អាក្រក់ ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​នឹង​ទណ្ឌកម្ម​ណា ចំពោះ​ចោរ​នេះ​ សូម​ទ្រង់​ដាក់​នូវ​ទណ្ឌកម្ម​នោះ​ចុះ។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637353457725437855
ទៅកាន់ទំព័រ៖