ព្រះត្រៃបិដក ភាគ ៦៦
[១០៧] ពាក្យថា សេចក្តីមិនត្រេកអរ កើតមានដល់តថាគតព្រោះឃើញ ត្រង់ពាក្យថា ព្រោះឃើញ គឺព្រោះជួប យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះឃើញ។ ពាក្យថា សេចក្តីមិនត្រេកអរ (កើតមាន) ដល់តថាគត គឺសេចក្តីមិនត្រេកអរណា សេចក្តីមិនរីករាយណា សេចក្តីមិនស្រស់ស្រាយណា សេចក្តីអផ្សុកណា សេចក្តីតក់ស្លុតណា មានហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីមិនត្រេកអរ កើតមានដល់តថាគតព្រោះឃើញ។
[១០៨] ពាក្យថា ទាំងតថាគតបានឃើញសរ ក្នុងពួកសត្វនុ៎ះ ត្រង់ពាក្យថា ទាំង គឺជាបទតភ្ជាប់។បេ។ ពាក្យថា ទាំងនុ៎ះ ជាលំដាប់នៃបទ។ ពាក្យថា នុ៎ះ បានដល់ ក្នុងពួកសត្វ។ ពាក្យថា សរ បានដល់ សរ ៧ សរគឺរាគៈ សរគឺទោសៈ សរគឺមោហៈ សរគឺមានះ សរគឺទិដ្ឋិ សរគឺសោក សរគឺសង្ស័យ។ ពាក្យថា បានឃើញ គឺបានប្រទះ យល់ ឃើញ ចាក់ធ្លុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងតថាគតបានឃើញសរ ក្នុងពួកសត្វនុ៎ះ។
[១០៩] អធិប្បាយពាក្យថា ជាសរអាស្រ័យនៅក្នុងហឫទ័យ ដែលគេកម្រឃើញបាន ត្រង់ពាក្យថា ដែលគេកម្រឃើញបាន
ID: 637353465295756197
ទៅកាន់ទំព័រ៖