ព្រះត្រៃបិដក ភាគ ៦៦
សេចក្តីថា បុគ្គលមិនគប្បីខ្វល់ខ្វាយ ក្នុងការសិក្សាទាំងនោះ ឬក្នុងកាមគុណ ៥ ទាំងនោះ មិនគប្បីបង្អោនទៅកាន់កាមគុណនោះ មិនគប្បីទោរទន់ទៅរកកាមគុណនោះ មិនគប្បីឈមទៅរកកាមគុណនោះ មិនគប្បីចុះស៊ប់ក្នុងកាមគុណនោះ មិនគប្បីយកកាមគុណនោះជាធំ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿងចំពាក់ទាំងនោះទេ។
[១១៧] ពាក្យថា គប្បីយល់ច្បាស់នូវកាមទាំងឡាយដោយសព្វគ្រប់ ត្រង់ពាក្យថា យល់ច្បាស់ គឺយល់ច្បាស់ យល់ច្បាស់ថា សង្ខារទាំងឡាយទាំងពួងមិនទៀង យល់ច្បាស់ថា សង្ខារទាំងឡាយទាំងពួងជាទុក្ខ។បេ។ យល់ច្បាស់ថា ធម្មជាតណាមួយមានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា ដោយសព្វគ្រប់ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសេសសល់ ពាក្យថា សព្វគ្រប់នុ៎ះ ជាពាក្យអស់រលីង។ ពាក្យថា កាម បើតាមឧទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីយល់ច្បាស់នូវកាមទាំងឡាយដោយសព្វគ្រប់។
[១១៨] អធិប្បាយពាក្យថា គប្បីសិក្សានូវព្រះនិព្វានដើម្បីខ្លួន ត្រង់ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។
ID: 637353471533023871
ទៅកាន់ទំព័រ៖