ព្រះត្រៃបិដក ភាគ ៦៦
តែខ្ញុំគួរពោលពីសេចក្តីក្រោធជាមុនសិន។ សេចក្តីក្រោធ រមែងកើតឡើងដោយអាការៈ ១០ យ៉ាង។បេ។ សេចក្តីក្រោធនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនក្រោធ។ បុគ្គលឈ្មោះថា អ្នកមិនក្រោធ ព្រោះលះបង់ក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះកំណត់ដឹងវត្ថុក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះផ្តាច់ផ្តិលហេតុក្រោធ។ ពាក្យថា លោភៈ បានដល់សេចក្តីជាប់ចំពាក់ អាការជាទីជាប់ចំពាក់ ភាពនៃចិត្តជាប់ចំពាក់។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីកំណាញ់ លោកពោលសំដៅមច្ឆរិយៈ ៥ គឺអាវាសមច្ឆរិយៈ។បេ។ ការប្រកាន់ស្អិត លោកហៅថា សេចក្តីកំណាញ់។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងប្រាជ្ញា ការដឹងច្បាស់។បេ។ មុនិនោះ កន្លងនូវបណ្តាញ ជាគ្រឿងជាប់ចំពាក់។ ពាក្យថា មុនិ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន បានសេចក្តីថា មុនិបានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង លោតរំលង នូវលោភៈដ៏លាមក និងសេចក្តីកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637353500370545561
ទៅកាន់ទំព័រ៖