ព្រះត្រៃបិដក ភាគ ៦៦
មិនគប្បីនៅជិត ដោយការប្រហែស គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវការប្រហែស គឺគប្បីជាបុគ្គលចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកការប្រហែស គប្បីជាអ្នកមានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីនៅរួមដោយសេចក្តីប្រហែស។
[១២៦] អធិប្បាយពាក្យថា មិនគប្បីតាំងនៅ ក្នុងការមើលងាយ ត្រង់ពាក្យថា ការមើលងាយ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ រមែងមើលងាយអ្នកឯទៀត ដោយជាតិក្តី ដោយគោត្រក្តី។បេ។ ដោយវត្ថុដ៏វិសេសណាមួយក្តី។ សេចក្តីប្រកាន់ អាការប្រកាន់ ភាពនៃចិត្តប្រកាន់ ការឆ្មើងឆ្មៃ អាការឆ្មើងឆ្មៃ ចិត្តដូចទង់ជ័យ ការប្រកាន់ខ្លាំង ភាពនៃចិត្តប្រាថ្នា ដូចទង់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា ការមើលងាយ។ ពាក្យថា មិនគប្បីតាំងនៅក្នុងការមើលងាយ គឺមិនគប្បីឋិតនៅ មិនគប្បីតាំងនៅក្នុងការមើលងាយ បានសេចក្តីថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវការមើលងាយ គឺគួរចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកការមើលងាយ គប្បីជាអ្នកមានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតាំងនៅក្នុងការមើលងាយ។
ID: 637353501451577949
ទៅកាន់ទំព័រ៖