ព្រះត្រៃបិដក ភាគ ៦៦
[១២៨] បុគ្គលគប្បីគេចចេញចាកពាក្យកុហក មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប គប្បីស្គាល់មានះ ទាំងគប្បីប្រព្រឹត្តវៀរស្រឡះចាកសាហសាចរិយា(១) ។
[១២៩] ពាក្យថា គប្បីគេចចេញចាកពាក្យកុហក អធិប្បាយថា មុសាវាទ លោកហៅថា ពាក្យកុហក។ បុគ្គលខ្លះក្នុងលោកនេះ នៅក្នុងទីប្រជុំក្តី នៅក្នុងបរិស័ទក្តី នៅក្នុងកណ្តាលញាតិក្តី នៅក្នុងកណ្តាលពួកក្តី នៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំយកទៅសួរជាសាក្សីថា នែបុរសដ៏ចំរើន អ្នកចូរមក អ្នកដឹងហេតុណា ចូរអ្នកប្រាប់ហេតុនោះ បុគ្គលនោះមិនដឹង និយាយថា ខ្ញុំដឹងក្តី ដឹង និយាយថា ខ្ញុំមិនដឹងក្តី មិនឃើញ និយាយថា ខ្ញុំឃើញក្តី ឃើញ និយាយថា ខ្ញុំមិនឃើញក្តី ជាអ្នកពោលវាចាកុហកទាំងដឹងខ្លួន ព្រោះហេតុខ្លួនខ្លះ ព្រោះហេតុបុគ្គលដទៃខ្លះ ព្រោះហេតុអាមិសៈបន្តិចបន្តួចខ្លះ នេះហៅថា ពាក្យកុហក។ មួយទៀត មុសាវាទ ដោយអាការបី ដោយអាការៈបួន ប្រាំ ប្រាំមួយ ប្រាំពីរ ប្រាំបី។បេ។ នេះ មុសាវាទ ដោយអាការៈប្រាំបី។ ពាក្យថា គប្បីគេចចេញចាកពាក្យកុហក បានសេចក្តីថា មិនគប្បីបណ្តោយ មិនគប្បីបន្សាត់ មិនគប្បីបង្ហើរ ដោយពាក្យកុហក គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស
(១) ការប្រព្រឹត្តិសាហ័ស គឺការប្រព្រឹត្តិរហ័ស ដោយកម្លាំងរាគៈ ទោសៈ មោហៈ ជាដើម ហៅថា សាហសាចរិយា។
ID: 637353502766947502
ទៅកាន់ទំព័រ៖