ព្រះត្រៃបិដក ភាគ ៦៦
ត្រកូល គណៈ អាវាស លាភ យស បសំសា សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាលវិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស អន្តរធាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសោកស្តាយចំពោះវត្ថុកាលវិនាស។
[១៣៧] ពាក្យថា មិនគប្បីជាអ្នកអាស្រ័យសភាវៈជាគ្រឿងទាញមក អធិប្បាយថា តណ្ហា លោកហៅថា សភាវៈជាគ្រឿងទាញមក បានដល់ រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោកហៅថា សភាវៈជាគ្រឿងទាញមក តើដូចម្តេច។ បុគ្គលតែងទាញមក ប្រមូលមក កាន់យក ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប បុគ្គលតែងទាញមក ប្រមូលមក កាន់យក ស្ទាបអង្អែល ជាប់ចំពាក់ចំពោះវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ ដោយតណ្ហាណា ព្រោះហេតុនោះ តណ្ហានោះ លោកហៅថា ជាគ្រឿងទាញមក។ ពាក្យថា មិនគប្បីជាអ្នកអាស្រ័យសភាវៈជាគ្រឿងទាញមក គឺមិនគប្បីជាអ្នកអាស្រ័យនូវតណ្ហា គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវតណ្ហា
ID: 637353505256622620
ទៅកាន់ទំព័រ៖