ព្រះត្រៃបិដក ភាគ ៦៦
យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ។បេ។ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា មិនអាស្រ័យ បានដល់និស្ស័យ ២ គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ មុនិលះបង់តណ្ហានិស្ស័យ រលាស់ចេញនូវទិដ្ឋិនិស្ស័យ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ មិនអាស្រ័យឃានៈ។បេ។ មិនអាស្រ័យធម៌ដែលគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង មិនក្រាញនៅ មិនចូលទៅជិត មិនជ្រុលជ្រប់ មិនចុះស៊ប់ គឺជាអ្នករត់ចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ មានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ឈ្មោះថា មិនអាស្រ័យធម៌ ព្រោះដឹង។
[១៥១] ពាក្យថា មុនិនោះ ឈ្មោះថា រស់នៅក្នុងលោកដោយប្រពៃ អធិប្បាយថា ឆន្ទរាគក្នុងអាយតនៈទាំងខាងក្នុងខាងក្រៅ មុនិនោះបានលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា មុនិនោះ ឈ្មោះថា ត្រាច់ទៅ នៅ សម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅក្នុងលោកដោយប្រពៃ ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ។
ID: 637353508067414956
ទៅកាន់ទំព័រ៖