ព្រះត្រៃបិដក ភាគ ៦៦
ឲ្យក្រៀម គឺចូរធ្វើមិនឲ្យជាពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកម្មាភិសង្ខារនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរញុំាងកិលេសជាតនោះឲ្យរីងស្ងួត យ៉ាងនេះខ្លះ។
[១៥៩] ពាក្យថា កិលេសជាតជាគ្រឿងកង្វល់ ចូរកុំមានដល់អ្នក ក្នុងកាលជាខាងក្រោយឡើយ សេចក្តីថា អនាគត លោកហៅថា កាលខាងក្រោយ។ គ្រឿងកង្វល់ទាំងឡាយណា គប្បីកើតឡើង ព្រោះប្រារព្ធនូវសង្ខារជាអនាគត គ្រឿងកង្វល់ទាំងនេះ គឺ កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត កុំមានដល់អ្នកឡើយ ទាំងអ្នក កុំធ្វើឲ្យប្រាកដ កុំញុំាងគ្រឿងកង្វល់ឲ្យកើតឡើង កុំឲ្យដុះដាល កុំឲ្យលូតលាស់ កុំឲ្យកើតឡើងចំពោះ គឺចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវគ្រឿងកង្វល់ទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតជាគ្រឿងកង្វល់ ចូរកុំមានដល់អ្នក ក្នុងកាលជាខាងក្រោយឡើយ។
[១៦០] ពាក្យថា បើអ្នកមិនកាន់យកក្នុងខន្ធជាកណ្តាល សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន ហៅថា ខន្ធជាកណ្តាល។ បើអ្នកមិនកាន់ មិនស្ទួយ មិនចាប់ មិនពាល់ មិនត្រេកអរ មិនស្រស់ស្រាយ មិនជ្រុលជ្រប់ ចំពោះសង្ខារជាបច្ចុប្បន្ន ដោយអំណាចតណ្ហា និងទិដ្ឋិទេ
ID: 637353510462903591
ទៅកាន់ទំព័រ៖