ព្រះត្រៃបិដក ភាគ ៦៦
មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេងថា ញាតិសាលោហិតរបស់អញ ប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនសោកថា អញមិនមានរបស់នេះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ខន្ធនីមួយ (ដែលគួរប្រកាន់ថា) នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមានទេ បុគ្គលនោះ កាលមិនបានសេចក្តីប្រកាន់ រមែងមិនសោកថា អញមិនមានរបស់នេះ ដូច្នេះឡើយ។
[១៧០] តថាគតដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រហើយ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ គឺបុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង។
[១៧១] អធិប្បាយពាក្យថា បុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា សំនួរថា សេចក្តីច្រណែន តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកច្រណែន រមែងច្រណែន ឈ្នានីស ចងនូវសេចក្តីច្រណែនទុក ក្នុងលាភ សក្ការៈ ការគោរព ការរាប់អាន ការថ្វាយបង្គំ ការបូជា របស់បុគ្គលដទៃ សេចក្តីច្រណែន អំពើនៃសេចក្តីច្រណែន សេចក្តីឫស្យា អាការនៃឫស្យា
ID: 637353643969717838
ទៅកាន់ទំព័រ៖