ព្រះត្រៃបិដក ភាគ ៦៦
ភាពនៃសេចក្តីឫស្យា សេចក្តីឈ្នានីស អាការនៃឈ្នានីស ភាពនៃសេចក្តីឈ្នានីសឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីច្រណែន។ សេចក្តីច្រណែននុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីច្រណែន ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីច្រណែន។ ពាក្យថា អ្នកមិនប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានខាងរាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនប្រាថ្នា។ បុគ្គលនោះ មិនប្រាថ្នាក្នុងរូប។បេ។ មិនប្រាថ្នា មិនចង់បាន មិនល្មោភ មិនជ្រុលជ្រប់ ក្នុងអារម្មណ៍ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង គឺជាអ្នកអស់ចំណង់ គ្មានចំណង់ លះបង់ចំណង់ ខ្ជាក់ចោលចំណង់ មានចំណង់រួចស្រឡះ មានចំណង់វិនាស មានចំណង់រលាស់ចេញ ជាអ្នកអស់តម្រេក គ្មានតម្រេក លះបង់តម្រេក ខ្ជាក់ចោលតម្រេក មានតម្រេករួចស្រឡះ មានតម្រេកវិនាស មានតម្រេករលាស់ចេញ ជាអ្នកមិនឃ្លាន រលត់ចំណង់ មានចិត្តត្រជាក់ ទទួលសុខ
ID: 637353644298441489
ទៅកាន់ទំព័រ៖