ព្រះត្រៃបិដក ភាគ ៦៦

ពាក្យ​ថា​ ព្រះ​សារីបុត្ត គឺជា​ឈ្មោះ ជា​ការរាប់ ជា​ពាក្យ​សំគាល់ ជា​បញ្ញត្តិ ជា​ពាក្យ​ហៅ ជា​នាម​ ជា​នាម​កម្ម ជា​នាម​បញ្ញត្តិ ជា​សំដី ជា​គ្រឿង​បញ្ជាក់ ជា​គ្រឿង​ប្រកាស របស់​ព្រះ​ថេរៈ​នោះ​ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះ​សារីបុត្ត​មាន​អាយុ​ ពោល​ដូច្នេះ។
 [១៨៦​] ពាក្យ​ថា​ ទាំង​មិនបាន​ឮ អំពីសំណាក់​អ្នកណាមួយ​ទេ ត្រង់​ពាក្យ​ថា មិន ជា​ពាក្យ​ហាមឃាត់។ ពាក្យ​ថា​ ទាំង ជា​ពាក្យ​តបទ ភ្ជាប់​បទ បំពេញ​បទ ប្រជុំ​អក្ខរៈ ជា​ពាក្យ​សម្រួល​ព្យព្ជានៈ ពាក្យ​ថា​ ទាំង​នុ៎ះ គឺជា​លំដាប់​បទ។ ពាក្យ​ថា អ្នកណាមួយ គឺ​អ្នកណាមួយ ទោះ​ក្សត្រ​ក្តី​ ព្រាហ្មណ៍​ក្តី វេស្សៈ​ក្តី សុទ្ទៈ​ក្តី គ្រហស្ថ​ក្តី បព្វជិត​ក្តី ទេវតា​ក្តី​ មនុស្ស​ក្តី ហេតុ​នោះ (លោក​ពោល​ថា​) ទាំង​មិនបាន​ឮ អំពីសំណាក់​អ្នកណាមួយ​ទេ។
 [១៨៧​] ពាក្យ​ថា​ ព្រះ​សាស្តា​មាន​ព្រះសូរសៀង​ពីរោះ​យ៉ាងនេះ អធិប្បាយ​ថា ព្រះអង្គ​មាន​ព្រះសូរសៀង​ពីរោះ​ សូរសៀង​ទន់ ផ្អែម សូរសៀង​គួរ​ជាទីស្រឡាញ់ សូរសៀង​ជាទី​គាប់ចិត្ត សូរសៀង​ពីរោះ ដូច​សំឡេង​សត្វ​ករវិក​យ៉ាងនេះ។ ព្រះសូរសៀង​ដែល​ផ្សាយ​ចេញ​ចាក​ព្រះ​ឱស្ឋ​របស់​ព្រះមានព្រះភាគ​នោះ ប្រកបដោយ​អង្គ ៨ គឺ​ក្បោះក្បាយ ១ គប្បី​ដឹង​បាន​ដោយ​ងាយ ១ ទន់​ពីរោះ ១ ស្រួល​ស្តាប់ ១ មូល ១ មិន​បែក​ព្រែក​ ១ ក្រអួន ១ លាន់រំពង ១។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637353648452783673
ទៅកាន់ទំព័រ៖