ព្រះត្រៃបិដក ភាគ ៦៦
ឲ្យស្គាល់ ឲ្យចាក់ធ្លុះ ឲ្យសំឡឹងមើល ឲ្យជ្រះថ្លា ហេតុនោះ ព្រះមានព្រះភាគជាអ្នកនាំពួក យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគ ទ្រង់ធ្វើមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ទ្រង់ធ្វើមគ្គដែលមិនទាន់កើត ឲ្យកើតព្រម ទ្រង់ប្រាប់មគ្គដែលមិនទាន់បានប្រាប់ ជាអ្នកដឹងនូវមគ្គ ជ្រាបច្បាស់នូវមគ្គ ឈ្លាសក្នុងមគ្គ។ ឯពួកសាវ័កឥឡូវនេះ ជាអ្នកដើរតាមមគ្គ ជាអ្នកប្រកបតាមក្រោយ ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថាជាអ្នកនាំពួក យ៉ាងនេះខ្លះ ហេតុនោះ (លោកពោលថា) ព្រះសាស្តាមានព្រះសូរសៀងពីរោះ យ៉ាងនេះឯង។
[១៨៨] ពាក្យថា ចុះចាកឋានតុសិត មកកាន់ពួក អធិប្បាយថា ព្រះមានព្រះភាគ ចុះចាកកាយតុសិត ស្តេចមកកាន់ផ្ទៃមាតា ទាំងមានស្មារតី ដឹងច្បាស់ ហេតុនោះ (លោកពោលថា) ព្រះសាស្តាចុះចាកឋានតុសិតមកកាន់ពួក យ៉ាងនេះខ្លះ។ មួយទៀត ពួកទេវតា លោកហៅថា តុសិត។ ពួកទេវតាទាំងនោះ ជាអ្នកត្រេកអរ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និងសោមនស្ស ព្រះសាស្តាចុះចាកឋានតុសិតទេវលោក មកកាន់ពួក ហេតុនោះ (លោកពោលថា) ចុះចាកឋានតុសិត មកកាន់ពួក យ៉ាងនេះខ្លះ។ មួយវិញទៀត ព្រះអរហន្តទាំងឡាយ លោកហៅថា តុសិត។ ព្រះអរហន្តទាំងនោះ ជាអ្នកត្រេកអ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និងសោមនស្ស
ID: 637353649026812373
ទៅកាន់ទំព័រ៖