ព្រះត្រៃបិដក ភាគ ៦៦
នូវសេចក្តីត្រេកអរក្នុងការស្ងប់រម្ងាប់ នូវសេចក្តីត្រេកអរក្នុងសម្ពោធិ ហេតុនោះ (លោកពោលថា) បានដល់នូវសេចក្តីត្រេកអរ មួយព្រះអង្គឯង។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា
ព្រះមានព្រះភាគ មានចក្ខុប្រាកដដល់លោក ព្រមទាំងទេវលោក ទ្រង់កំចាត់បង់នូវងងឹតទាំងពួង តែមួយអង្គឯង បានដល់នូវសេចក្តីត្រេកអរ។
[១៩៤] ខ្ញុំមកនឹងសួរប្រស្នា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ ក្នុងទីនេះ ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក។
[១៩៥] អធិប្បាយពាក្យថា ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ជាតាទិបុគ្គល ត្រង់ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគជាសយម្ភូ ឥតមានគ្រូអាចារ្យ បានត្រាស់ដឹងសច្ចៈដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណក្នុងសច្ចៈនោះផង ទ្រង់ដល់នូវភាវៈស្ទាត់ក្នុងពលៈទាំងឡាយផង។ សំនួរត្រង់ពាក្យថា ព្រះពុទ្ធ ចុះព្រះនាមថាព្រះពុទ្ធ ដោយអត្ថថាដូចម្តេច។ ព្រះនាមថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គត្រាស់ដឹងសច្ចៈទាំងឡាយ។ ព្រះនាមថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គញុំាងពួកសត្វឲ្យត្រាស់ដឹង។
ID: 637353657502043351
ទៅកាន់ទំព័រ៖