ព្រះត្រៃបិដក ភាគ ៦៦

ទីបំផុត​ទន្លេ​ក្តី បាន​ដល់ទី​ដែលគេ​មិន​ភ្ជួរ មិន​សាបព្រោះ​ មិនមែន​ជា​ឧបចារៈ​របស់​ពួក​មនុស្ស កន្លង​នូវ​ទីបំផុត​នៃ​ជន ហេតុ​នោះ (លោក​ពោល​ថា​) ក្នុង​សយនាសនៈ​ទីបំផុត។ ហេតុ​នោះ ព្រះ​សារីបុត្តត្ថេរ​ពោល​ថា
ភិក្ខុ​គប្បី​គ្រប​សង្កត់​ពួក​បរិស្សយៈ​ណា​ ក្នុង​សយនាសនៈ​ទីបំផុត បរិស្សយៈ​ទាំងនោះ​ក្នុង​លោក របស់​ភិក្ខុ​ទៅកាន់​ទិស​ដែល​មិនដែល​ទៅ​ តើមាន​ប៉ុន្មាន។
[២១៧​] ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅ​ហើយ​នោះ​ ត្រូវ​មានសំដី​ដូចម្តេច ភិក្ខុ​នោះ ត្រូវ​មាន​គោចរ​ដូចម្តេច ក្នុង​សាសនា​នេះ ត្រូវ​មាន​សីល​ និង​វត្ត​ដូចម្តេច។

 [២១៨​] ពាក្យ​ថា ត្រូវ​មានសំដី​ដូចម្តេច គឺ​ព្រះ​សារីបុត្តត្ថេរ​សួរ​នូវ​វចី​បារិសុទ្ធិ​ថា​ ភិក្ខុ​គប្បី​ប្រកបដោយ​សំដី​ប្រាកដ​ដូចម្តេច មាន​ទ្រង់ទ្រាយ​ដូចម្តេច មាន​បែប​ដូចម្តេច​ មាន​យ៉ាងដូច​ម្តេច។
 វចី​បារិសុទ្ធិ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ លះបង់​មុសាវាទ​ ជា​អ្នក​វៀរ​ស្រឡះ​ចាក​មុសាវាទ ពោល​តែ​ពាក្យពិត តពាក្យពិត មាន​វាចា​ខ្ជាប់ខ្ជួន​ គួរឲ្យ​អ្នកផង​ជឿ​បាន មិន​ពោល​បំភាន់​សត្វលោក លះបង់​បិ​សុ​ណា​វាចា ជា​អ្នក​វៀរ​ស្រឡះ​ចាក​បិ​សុ​ណា​វាចា​ គឺ​ឮអំពី​ពួក​ជន​នេះ មិន​ប្រាប់​ពួក​ជន​ឯណោះ ដើម្បី​បំបែក​ពួក​ជន​នេះ ឬឮ​អំពី​ពួក​ជន​ឯណោះ​ មិន​ប្រាប់​ដល់​ពួក​ជន​នេះ ដើម្បី​បំបែក​ពួក​ជន​ឯណោះ
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637353669468816268
ទៅកាន់ទំព័រ៖