ព្រះត្រៃបិដក ភាគ ៦៦

(លោក​ពោល​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​សារីបុត្ត។
 [២២៨​] ពាក្យ​ថា សេព​នូវ​ទី​អង្គុយ ទីដេក​ដ៏​ស្ងាត់​ អធិប្បាយ​ថា គេ​អង្គុយ​លើ​ទីណា ទីនោះ លោក​ហៅថា ទី​អង្គុយ គឺ​គ្រែ តាំង ពូក កន្ទេល ចម្ម​ខ័ណ្ឌ​ កម្រាល​ស្មៅ កម្រាល​ស្លឹក កម្រាល​ចម្បើង។ ទីសេនាសនៈ​គឺ​វិហារ​ អឌ្ឍយោគ ប្រាសាទ ប្រាសាទ​ត្រងិល គុហា លោក​ហៅថា​ ទីដេក។ ទីដេក ទី​អង្គុយ​ដ៏​ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាក​ការ​ឃើញ​រូប​មិនជា​ទី​សប្បាយ​ ចាក​ការ​ឮសំឡេង​មិនជា​ទី​សប្បាយ។បេ។ ដ៏​ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាក​កាមគុណ ៥ មិនជា​ទី​សប្បាយ។ កាល​គប់ គប់​រក សមគប់ គប់​ស្និទ្ធ នូវ​ទីដេក ទី​អង្គុយ​ដ៏​ស្ងាត់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សេព​នូវ​ទី​អង្គុយ​ ទីដេក​ដ៏​ស្ងាត់។
 [២២៩​] ពាក្យ​ថា មានបំណង​នូវ​សម្ពោធិញ្ញាណ​ តាមលំដាប់​ធម៌ សេចក្តី​ថា ការ​ដឹង បញ្ញា បញ្ញិន្រ្ទិយ បញ្ញា​ពលៈ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ​ វីមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុង​មគ្គ ៤ លោក​ហៅថា សម្ពោធិ។ មានបំណង​ដើម្បី​ត្រាស់​ដឹង​ មានបំណង​ដើម្បី​ត្រាស់​ដឹង​តាម មានបំណង​ដើម្បី​ត្រាស់​ដឹង​ចំពោះ មានបំណង​ដើម្បី​ត្រាស់​ដឹង​ព្រម​ មានបំណង​ដើម្បី​បាន មានបំណង​ដើម្បី​ពាល់ត្រូវ មានបំណង​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​សម្ពោធិញ្ញាណ​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មានបំណង​ដើម្បី​សម្ពោធិញ្ញាណ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637353676115823304
ទៅកាន់ទំព័រ៖