ព្រះត្រៃបិដក ភាគ ៦៦
ពាក្យថា មានចក្ខុបើកហើយ គឺព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយចក្ខុ ៥ គឺមានចក្ខុបើក ដោយមំសចក្ខុ ១ មានចក្ខុបើក ដោយទិព្វចក្ខុ ១ មានចក្ខុបើក ដោយបញ្ញាចក្ខុ ១ មានចក្ខុបើក ដោយពុទ្ធចក្ខុ ១ មានចក្ខុបើក ដោយសមន្តចក្ខុ ១។
ព្រះមានព្រះភាគ មានចក្ខុបើក ដោយមំសចក្ខុ តើដូចម្តេច។ ក្នុងមំសចក្ខុរបស់ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀវ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរ-ស ១។ រោមព្រះនេត្រឋិតនៅត្រង់ទីណា ទីនោះមានសម្បុរខៀវ ខៀវល្អ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាត្រគៀត។ ទីក្រៅអំពីនោះ មានសម្បុរលឿង លឿងល្អ ដូចសម្បុរមាស គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាកណ្ណិការ។ រណ្តៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមល្អ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងអណ្តើកមាស។ ត្រង់កណ្តាល មានសម្បុរខ្មៅ ខ្មៅល្អ មិនមានសៅហ្មង យ៉ាងសិ្នទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្លែផ្គាំ។
ID: 637351916302256997
ទៅកាន់ទំព័រ៖