ព្រះត្រៃបិដក ភាគ ៦៦
ក្រៅអំពីទីនោះ មានសម្បុរស សល្អ សស្រស់ សសុទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាយព្រឹក។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ទាំងយប់ទាំងថ្ងៃ ដោយព្រះមំសចក្ខុ តាមប្រក្រតីនោះ ដែលរាប់ចូលក្នុងអត្តភាព កើតអំពីសុចរិតកម្មក្នុងកាលមុន។ ទោះបីងងឹតប្រកបដោយអង្គ ៤ គឺព្រះអាទិត្យអស្តង្គត ១ ថ្ងៃឧបោសថខាងកាឡបក្ខ ១ ដងព្រៃដែលញឹក ១ អាកាសមេឃដ៏ធំតាំងឡើង ១ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ក្នុងទីងងឹតប្រកបដោយអង្គ ៤ សូម្បីមានសភាពយ៉ាងនេះ។ មិនមានជញ្ជាំង សន្ទះទ្វារ កំពែង ភ្នំ គុម្ពឈើ វល្លិ៍ ជាគ្រឿងរារាំងដើម្បីឃើញរូបទាំងឡាយទេ។ បើទុកជាគេដាក់គ្រាប់ល្ងមួយគ្រាប់ ក្នុងរទេះពេញដោយល្ង ធ្វើឲ្យជាគ្រឿងចំណាំ ក៏នៅតែព្រះមានព្រះភាគ ទ្រង់រើសយកគ្រាប់ល្ងនោះបានវិញដដែល។ ព្រះមំសចក្ខុជាប្រក្រតីរបស់ព្រះមានព្រះភាគ បរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុបើកហើយ ដោយមំសចក្ខុ យ៉ាងនេះឯង។
ព្រះមានព្រះភាគ មានចក្ខុបើកហើយដោយទិព្វចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វ បរិសុទ្ធកន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ទតឃើញពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់
ID: 637351916646989459
ទៅកាន់ទំព័រ៖