ព្រះត្រៃបិដក ភាគ ៦៦
នូវភាពនៃចិត្តចង្អៀតចង្អល់ ភាពនៃចិត្តរឹងត្អឹងចំពោះពួកសព្រហ្មចារី គួរទំលាយចោលនូវការរឹងត្អឹងនៃចិត្ត ៥ ផង គួរទំលាយចោលនូវការរឹងត្អឹងនៃចិត្ត ៣ ផង គួរទំលាយចោល បំបែកចោល កំទេចចោល នូវការរឹងត្អឹងដោយរាគៈ ការរឹងត្អឹងដោយទោសៈ ការរឹងត្អឹងដោយមោហៈ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី។
[២៧៩] ពាក្យថា គួរបញ្ចេញវាចាជាកុសល កុំឲ្យហួសសម្រិត គឺគួរបញ្ចេញវាចា ដែលផុសផុលឡើងអំពីប្រាជ្ញា គឺថា គួរបញ្ចេញ គួរចរចា គួរស្រដីនូវវាចា ដែលប្រកបដោយអត្ថ ប្រកបដោយធម៌ តាមកាលគួរ ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត អាស្រ័យប្រយោជន៍ ហេតុនោះ (ទ្រង់ត្រាស់ថា) គួរបញ្ចេញវាចាជាកុសល។ ពាក្យថា កម្រិត ក្នុងបទថា គួរបញ្ចេញវាចាកុំឲ្យហួសកម្រិត បានដល់កម្រិត ២ គឺ កម្រិតកាល ១ កម្រិតសីល ១។
កម្រិតកាល តើដូចម្តេច។ បុគ្គលមិនគួរពោលវាចាឲ្យហួសកាល មិនគួរពោលវាចាឲ្យហួសកម្រិត មិនគួរពោលវាចាឲ្យកន្លងហួសកាល និងកម្រិត មិនគួរពោលវាចា ដែលមិនទាន់ដល់កាល មិនគួរពោលវាចាដែលមិនទាន់ដល់កម្រិត មិនគួរពោលវាចា ដែលមិនទាន់ដល់កាល និងកម្រិត។
ID: 637353692916382666
ទៅកាន់ទំព័រ៖