ព្រះត្រៃបិដក ភាគ ៦៦

បញ្ចវោការ​ភព​ អតីត អនាគត បច្ចុប្បន្ន និង​ធម៌​ដែល​ខ្លួន​ឃើញ ឮ ប៉ះពាល់ ឬគប្បី​ដឹង។ ពាក្យ​ថា​ វត្ថុ​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ។ ពាក្យ​ថា ក្នុង​លោក​ គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ប្រកាន់​វត្ថុ​ណាមួយ ក្នុង​លោក។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុគ្គល​មិន​គួរ​ឡេះឡោះ​ដោយ​ភ្នែក គប្បី​រារាំង​ត្រចៀក​ចាក​គាមកថា មិន​គប្បី​ជាប់​ចំពាក់​ក្នុង​រស​ផង​ មិន​គប្បី​ប្រកាន់​វត្ថុ​ណាមួយ ក្នុង​លោក​ផង។
[៣៨​] ភិក្ខុ​ត្រូវ​ផស្សៈ​ប៉ះពាល់​ហើយ​ ក្នុង​កាលណា ក្នុង​កាលនោះ មិន​គប្បី​ធ្វើ​នូវ​ការ​ទួញ​យំ ក្នុង​ទីណា​មួយ​ទេ មួយទៀត​ មិន​គប្បី​ប្រាថ្នា​ភព មិន​គប្បី​ញាប់ញ័រ​ក្នុង​អារម្មណ៍​ដែល​គួរខ្លាច​ទាំងឡាយ​ឡើយ។

 [៣៩​] ពាក្យ​ថា ភិក្ខុ​ត្រូវ​ផស្សៈ​ប៉ះពាល់​ហើយ​ ក្នុង​កាលណា អធិប្បាយ​ថា ភិក្ខុ​ត្រូវ​ផស្សៈ គឺ​រោគ​ប៉ះពាល់ គ្រប​សង្កត់ ប្រជុំ​ចុះ​ ប្រកប​ព្រម គឺ​ត្រូវ​រោគ​ភ្នែក ប៉ះពាល់ គ្រប​សង្កត់ ប្រជុំ​ចុះ ប្រកប​ព្រម
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637351926741900424
ទៅកាន់ទំព័រ៖