ព្រះត្រៃបិដក ភាគ ៦៦
ជាធម៌របស់បុគ្គល ២ នាក់ស្មើគ្នា ព្រោះហេតុនោះ លោកហៅថា មេថុនធម្ម យ៉ាងនោះដែរ។ ;
ពាក្យថា ការស្អិតស្អាង បានដល់ការស្អិតស្អាង ២ គឺ ការស្អិតស្អាងរបស់គ្រហស្ថ ១ ការស្អិតស្អាងរបស់បព្វជិត ១។
ការស្អិតស្អាងរបស់គ្រហស្ថ តើដូចម្តេច។ សក់ ពុកមាត់ ពុកចង្កា ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងអាភរណៈ គ្រឿងប្រដាប់សំពត់ គ្រឿងស្អិតស្អាង ឆ្នួតក្បាល គ្រឿងអប់ ការច្របាច់រឹត ការផ្ងូតទឹក ការគក់ច្របាច់ កញ្ចក់ គ្រឿងបន្តក់ កម្រងផ្កា និងគ្រឿងលាប គ្រឿងលំអិតសម្រាប់ប្រស់មុខ វត្ថុសម្រាប់លាបមុខ គ្រឿងប្រដាប់ដៃ ចំណងភ្នួងសក់ ដំបង បំពង់ថ្នាំហិត ព្រះខ័ន ឆត្រ ស្បែកជើងដ៏វិចិត្រ មកុដ ឬក្បាំងមុខ ស្នៀតសក់ កែវមណី ផ្លិតធ្វើពីរោមកន្ទុយសត្វ និងសំពត់សទាំងវែងទាំងខ្លី នេះហៅថា ការស្អិតស្អាងរបស់គ្រហស្ថ។
ការស្អិតស្អាងរបស់បព្វជិត តើដូចម្តេច។ ការប្រដាប់ចីវរ ការប្រដាប់បាត្រ ការប្រដាប់ ការស្អិតស្អាង ការលេង ការលេងដោយប្រការៈ ការជាប់ចិត្ត ភាពនៃការជាប់ចិត្ត ការធ្វើនូវគ្រឿងប្រដាប់ ភាពនៃការធ្វើនូវគ្រឿងប្រដាប់នូវកាយស្អុយនេះក្តី នូវបរិក្ខារទាំងឡាយជាខាងក្រៅក្តី នេះហៅថា ការស្អិតស្អាងរបស់បព្វជិត។
ID: 637351933561228225
ទៅកាន់ទំព័រ៖